សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ !!!!!
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សៅរ៍ ១១ រោច ខែ អស្សុជ សប្តស័ក ពុទ្ទសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ ទី ១៨ ខែ តុលា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖

បន្ថែមលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជន ASEAN បន្តផ្តោតលើការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរ ដល់ប្រជាជាតិទាំងអស់ ព្រោះគ្រោះមហន្តរាយ ទោះតូចក្តី ធំក្តី តែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ មនុស្ស និង សង្គម ។ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយ បាន និងកំពុងកើតមានឡើង កាន់តែញឹកញាប់, កាន់តែធ្ងន់ធ្ងរ, និងកាន់តែពិបាកប៉ាន់ប្រមាណ ។ គ្រោះមហន្តរាយដែលកើតមានឡើងនាពេលថ្មីៗនេះ ដូចជា ការរញ្ជួយដី, ទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិក បានបណ្តាលឱ្យមានចំនួនអ្នកស្លាប់កើនឡើង និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
សម្ដេចបវរធិបតី បានបន្ថែមថា តាមទស្សនវិស័យរបស់កម្ពុជា, យើងចាំបាច់ត្រូវបែងចែកឱ្យដាច់រវាងសកម្មភាពជួយសង្គ្រោះពីគ្រោះមហន្តរាយ នៅតំបន់ទីប្រជុំជន និងតំបន់ជនបទ ជាពិសេសពាក់ព័ន្ធនឹងទឹកជំនន់ ។ ជាមួយនឹងការកើនឡើងនៃនគរូបនីយកម្ម និងការផ្លាស់ប្តូរប្រជាសាស្រ្ត, ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ក្នុងតំបន់ទីប្រជុំជន មិនអាចទ្រទ្រង់ការកើនឡើងយ៉ាងឆាប់ នៃចំនួនប្រជាជន ដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឬអាចស៊ូទ្រាំបាននឹងការកើនឡើងកាន់តែញឹកញាប់ និងទំហំកាន់តែធំនៃគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នោះទេ ។ នៅពេលមានការជម្លៀសមនុស្សយ៉ាងច្រើននៅតាមតំបន់ជនបទ, យើងក៏ពិបាកក្នុងការស្វែងរកកន្លែងប្រមូលផ្តុំដែលមានសុវត្ថិភាព, ជាពិសេស កន្លែងដែលមានដំបូល ជាមួយនឹងលទ្ធភាពទទួលបានទឹកស្អាត និងគ្រឿងបរិក្ខារប្រើប្រាស់ប្រកបដោយអនាម័យ ។ ជាលទ្ធផល, ក្រុមងាយរងគ្រោះ ជាពិសេសស្ត្រី, កុមារ, ចាស់ជរា និងជនដែលមានភាពពិការ នឹងធ្លាក់ចូលទៅក្នុងហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ, សកម្មភាពរួមរបស់យើង មិនត្រឹមតែត្រូវផ្តោតលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជនប៉ុណ្ណោះទេ, ប៉ុន្តែត្រូវផ្តោតលើការកសាង ឬការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ ។ បន្ថែមលើបញ្ហាប្រឈមទាក់ទងនឹងធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, យើងក៏ត្រូវតែទទួលស្គាល់ថា សមត្ថភាព, ចំណេះដឹង និងបទពិសោធន៍ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅមានភាពមិនស្មើគ្នា នៅក្នុងតំបន់នីមួយៗ ។
មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានគូសបញ្ជាក់ពី អាទិភាពគន្លឹះចំនួន ៥ សម្រាប់ការយកចិត្តទុកដាក់រួមគ្នា រួមមាន ៖ ទី១/ ការបង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន និងសមត្ថភាពព្យាករណ៍ ដែលរឹងមាំជាងមុន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា ការប្រែប្រួលអាកាសធាតុ, ជំងឺរាតត្បាត និងគ្រោះមហន្តរាយ, ទី២/ ការលើកកម្ពស់ភាពជាដៃគូពហុភាគី ដោយមានការចូលរួមពីវិស័យឯកជន, អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីជំរុញនវានុវត្តន៍ និងកៀរគរធនធាន, ទី៣/ ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត, ឧបករណ៍ភូមិសាស្ត្រ (Geospatial Tools), និងការវិភាគទិន្នន័យ ដើម្បីបង្កើនភាពជាក់លាក់ និងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, ទី៤/ ការពង្រឹងទំនាក់ទំនងជាសកល តាមរយៈ ការកសាងភាពជាដៃគូរបស់អាស៊ាន ជាមួយស្ថាប័នអន្តរជាតិ ដូចជា ការិយាល័យសហប្រជាជាតិដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ (UNDRR) ដើម្បីរៀបចំបង្កើតយុទ្ធសាស្ត្រ ឱ្យស្របនឹងក្របខណ្ឌសេនដាយ (Sendai Framework) និង ទី៥/ ការចែករំលែកចំណេះដឹង, ឧត្តមានុវត្តន៍ និងមេរៀនរបស់អាស៊ាន ជាមួយតំបន់ផ្សេងទៀត ជាពិសេស ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ៕





ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/






















