លោកបណ្ឌិត ម៉េង សុភណ្ឌ័ បំភ្លឺករណីសមាជិកអង្គភាព «រស្មីញូស៍» ដោយបញ្ជាក់ថា ជាការយល់ច្រឡំ និងស្នើឱ្យធ្វើលិខិតបំភ្លឺជាផ្លូវការ !!!!!
ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ចន្ទ ៣ រោច ខែ ស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ពុទ្ទសករាជ ២៥៧០ ត្រូវនឹងថ្ងៃ ទី៣១ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ ៖

លោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ បានធ្វើការបំភ្លឺពាក់ព័ន្ធនឹងករណីសមាជិកអង្គភាពសារព័ត៌មាន «រស្មីញូស៍» ដោយបញ្ជាក់ថា ករណីនេះអាចបណ្តាលមកពីការយល់ច្រឡំ ហើយបានស្នើឱ្យមានការធ្វើលិខិតបំភ្លឺជាផ្លូវការ ដើម្បីបញ្ជាក់ការពិតជូនសាធារណៈជន និងស្ថាប័នពាក់ព័ន្ធ។
ការបំភ្លឺនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ខណៈលោកបណ្ឌិត ម៉េង សុភណ្ឌ័ បានបញ្ជាក់ថា លោកបានតាមដានករណីនេះអស់រយៈពេលប្រមាណ២ថ្ងៃមកហើយ និងបានរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន រួមមាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយកព័ត៌មាន និងសោតទស្សន៍រួចរាល់ផងដែរ។
តាមការបញ្ជាក់របស់លោកបណ្ឌិត ម៉េង សុភណ្ឌ័ លោក យស់ ផល្លា បានឆ្លើយបំភ្លឺថា ករណីដែលលោកត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ គឺជាការយល់ច្រឡំ ខណៈពេលកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាប និងឆែកឆេរនៅទីតាំងមួយ លោកបានចុះទៅទីនោះក្នុងគោលបំណងទាក់ទងតាមទូរស័ព្ទ និងក៏ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ។
លោក យស់ ផល្លា បានឱ្យដឹងថា នៅពេលនោះ លោកបានចូលទៅឆ្លើយបំភ្លឺចំពោះមុខលោកអភិបាលរងខណ្ឌម្នាក់ លោកព្រះរាជអាជ្ញារងម្នាក់ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។ ក្រោយពីបានឆ្លើយបំភ្លឺរួច លោកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ។
ជាមួយគ្នានេះ លោក យស់ ផល្លា បានថ្លែងប្រាប់សារព័ត៌មានថា ហេតុការណ៍នេះកើតឡើងដោយចៃដន្យប៉ុណ្ណោះ ដោយនៅពេលសមត្ថកិច្ចចុះបង្ក្រាប និងឆែកឆេររកសម្ភារៈពាក់ព័ន្ធនឹងល្បែងស៊ីហ្គេម លោកបានចុះទៅទីនោះក្នុងគោលបំណងទិញទូរស័ព្ទ ហើយក៏ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំតែម្តង។
លោក យស់ ផល្លា ក៏បានបញ្ជាក់ថា បច្ចុប្បន្ន លោកកំពុងរៀបចំរបាយការណ៍ជូនលោកចាងហ្វាងអង្គភាព «រស្មីញូស៍» ដើម្បីរាយការណ៍បន្តជូនលោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ និងតាមរយៈសមាគម រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន រួមមាន ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយកព័ត៌មាន និងសោតទស្សន៍ ព្រមទាំងផ្សព្វផ្សាយជូនសាធារណៈជន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបអំពីការពិតនៃករណីនេះ។
លោកបណ្ឌិត ម៉េង សុភណ្ឌ័ បានស្នើឱ្យអង្គភាពពាក់ព័ន្ធ និងសមាជិកដែលពាក់ព័ន្ធក្នុងករណីនេះ ធ្វើការបំភ្លឺជាលាយលក្ខណ៍អក្សរជាផ្លូវការ ដើម្បីឱ្យព័ត៌មានមានភាពច្បាស់លាស់ និងជៀសវាងការយល់ច្រឡំ ឬការបកស្រាយខុសពីការពិត។
គួរបញ្ជាក់ថា ការបំភ្លឺខាងលើ គឺផ្អែកតាមការបញ្ជាក់របស់លោកបណ្ឌិត ម៉េង សុភណ្ឌ័ និងលោក យស់ ផល្លា ដើម្បីបញ្ជាក់ជូនសាធារណៈជន និងអ្នកសារព័ត៌មានអំពីដំណើររឿងដែលបានកើតឡើង៕







ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/
























