វេទិកាពិភាក្សាតុមូលស្តីពី «ចក្ខុវិស័យនៃបណ្ណសារដ្ឋានជាតិ» នឹងប្រមូលផ្តុំអ្នកជំនាញពិភាក្សាអំពីអនាគតនៃការអភិរក្សមរតកឯកសារជាតិ !!!!!
ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សុក្រ ១១ រោច ខែ អស្សុជ ឆ្នាំ មមី អដ្ឋស័ក ពុទ្ទសករាជ ២៥៧០ ត្រូវនឹងថ្ងៃ ទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖

ក្នុងឱកាសអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបណ្ណសារដ្ឋានជាតិកម្ពុជា (១៩២៦-២០២៦) វេទិកាពិភាក្សាតុមូលស្តីពី «ចក្ខុវិស័យនៃបណ្ណសារដ្ឋានជាតិ» បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក នៅបណ្ណាល័យជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកជំនាញ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ អ្នកឧបត្ថម្ភ និស្សិត និងសាធារណជន។
កម្មវិធីប្រព្រឹត្តិទៅយ៉ាងឱឡារឹកក្រោមអធិបតីភាព ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងគណៈវាគ្មិន៣រូប រួមមានឯកឧត្តម គឹម សេតារា រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធបតី ឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី និង ឯកឧត្តម សេង ម៉ានោឫទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានរាជកិច្ចនិងបណ្ណសារដ្ឋានជាតិ
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបើកទូលាយនូវកិច្ចពិភាក្សាអំពីតួនាទី សារៈសំខាន់ និងទិសដៅអភិវឌ្ឍន៍បណ្ណសារដ្ឋានជាតិកម្ពុជា ក្នុងបរិបទនៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងតម្រូវការនៃសង្គមសម័យទំនើប។ បណ្ណសារដ្ឋានជាតិ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៦ គឺជាឃ្លាំងផ្ទុកទិន្នន័យ និងជាទីកន្លែងរក្សាទុកមរតកប្រវត្តិសាស្ត្រដ៏សំខាន់ ក្នុងការថែរក្សា «ការចងចាំរបស់ជាតិ» សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
វេទិកាក៏ផ្តោតលើប្រធានបទសំខាន់ៗ រួមមាន ប្រវត្តិនៃការបង្កើតបណ្ណសារដ្ឋានជាតិ និងការថែរក្សាឯកសារក្នុងសម័យទំនើប តួនាទីរបស់បណ្ណសារដ្ឋានជាតិក្នុងការថែរក្សាអត្តសញ្ញាណជាតិ និងការស្រាវជ្រាវប្រវត្តិសាស្ត្រ ព្រមទាំងការធ្វើបរិវត្តកម្មឌីជីថល និងការអភិរក្សឯកសារប្រវត្តិសាស្ត្រ។
គណៈអធិបតី និងគណៈវាគ្មិន បានចែករំលែកអំពីតួនាទីរបស់បណ្ណសារដ្ឋានជាតិក្នុងការថែរក្សាអត្តសញ្ញាណជាតិ និងការស្រាវជ្រាវប្រវត្តិសាស្ត្រ។ ក្នុងនោះក៏មានការចែករំលែកបទពិសោធន៍ និងទស្សនទានល្អៗជុំវិញប្រធានដ៏មានសារៈសាខាន់មិនអាចកាត់ថ្លៃបាន។ អ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់បណ្ណសារដ្ឋានជាតិ និងសារៈសំខាន់នៃការអភិរក្សឯកសារប្រវត្តិសាស្ត្រ ព្រមទាំងជំរុញការប្រើប្រាស់ឯកសារបណ្ណសារក្នុងការស្រាវជ្រាវ និងការអប់រំ រួមចំណែកពង្រឹងកិច្ចសហការរវាងបណ្ណសារដ្ឋានជាតិ អ្នកជំនាញ ស្ថាប័នអប់រំ និងអ្នកស្រាវជ្រាវ ដើម្បីបង្កើតគំនិត និងទស្សនៈថ្មីៗសម្រាប់ការអភិវឌ្ឍបណ្ណសារដ្ឋានជាតិកម្ពុជានាពេលអនាគត។
ការរៀបចំវេទិកាពិភាក្សានេះ គឺជាផ្នែកមួយនៃសកម្មភាពអបអរសាទរខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ ដែលមានគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតម្លៃនៃមរតកឯកសារ និងជំរុញការអភិរក្ស ការប្រើប្រាស់ និងការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិកម្ពុជា ឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងយុគសម័យឌីជីថល៕













ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.bmm-news.com/

























