លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល និងជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា !!!!!
ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សុក្រ ២ រោច ខែ ទុតិយាសាធ ឆ្នាំ មមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល និងជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីថ្វាយព្រះពរ និងថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (CHAMPIONS AWARD)” ដែល សហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយព្រះអង្គ កាលពីពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅលើដែនដីអង្គរដ៏ពិសិដ្ឋ ខេត្តសៀមរាប ឆ្នាំ២០២៦ កន្លងទៅនេះ ។
ការថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (CHAMPIONS AWARD)” ពីសហគមន៍ OB-PS នេះគឺជាសក្ខីភាពយ៉ាងពិតប្រាកដចំពោះព្រះរាជហឫទ័យ និងព្រះសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជកិច្ចសង្គម មនុស្សធម៌ ជាពិសេសព្រះរាជកិច្ចលើកកម្ពស់តម្លៃនិងសិទ្ធិស្ត្រីគ្រប់ៗរូប។
ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានទូលថ្វាយ សម្តេចព្រះមហាក្សត្រី នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងរយៈពេលកន្លងមក ជាពិសេសជោគជ័យដ៏ត្រចះត្រចង់របស់សមាគមក្នុងការរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ។
សូមបញ្ជាក់ផងដែរថា សហគមន៍ Olave Baden-Powell Society (OB-PS) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៤ ជាបណ្តាញអ្នកគាំទ្រអន្តរជាតិ ដែលគាំទ្របេសកកម្មរបស់ សមាគមកាយឫទ្ធិនារីពិភពលោក WAGGGS ក្នុងការជួយឱ្យកុមារី និងយុវតីអភិវឌ្ឍសក្តានុពលពេញលេញរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋពិភពលោកដែលមានការទទួលខុសត្រូវ ៕








ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/























