លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) រវាង សមាគម អ.ម.ត និង ក្រសួងអប់រំ យុវជន និងកីឡា !!!!!
ព័ត៌មានជាតិ
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ច័ន្ទ ៥ រោច ខែ ទុតិយាសាធ ឆ្នាំ មមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ:

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) រវាង សមាគម អ.ម.ត និង ក្រសួងអប់រំ យុវជន និងកីឡា ។
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) រវាង សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង ក្រសួងអប់រំ យុវជន និងកីឡា ។
ជាប្រសាសន៍ចាប់ផ្តើម លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខប្រកបដោយក្តីនឹករលឹករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូល។ បន្ថែម លោកជំទាវបណ្ឌិត ក៏បានវាយតម្លៃ និងកោតសរសើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំជំរុញឱ្យមានកិច្ចសហការរវាងសមាគម និង ក្រសួង នេះឡើង សំដៅលើកកម្ពស់សមត្ថភាពដល់យុវជនជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលចាប់តាំងពីឆ្នាំ២០០៨ មក ក្រសួងបានផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្ស-និស្សិត សំដៅលើកកម្ពស់ធនធានមនុស្សកម្ពុជា ស្របតាមអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះ ក្រសួងក៏បានជួយ និងផ្តល់អាហារូបករណ៍ដល់ សិិស្ស-និស្សិត ដែលជាកូនចៅសាច់ញាតិរបស់វីរយុទ្ធជនជួរមុខឱ្យបានសិក្សារៀនសូត្របន្ត រួមទាំងការជួយឱ្យសិស្ស-និស្សិតដែលត្រឡប់ចូលប្រទេសវិញឱ្យបានបន្តការសិក្សា ដែលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនទុកនរណាម្នាក់ចោលឡើយ។
ថ្លែងបន្តក្នុងអង្គពិធី លោកជំទាវបណ្ឌិត ក៏បានរំលឹកអំពីការបង្កើតសមាគម អ.ម.ត នេះឡើង គឺដោយចក្ខុវិស័យប្រកបដោយមេត្តាធម៌ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីបើកឱកាសដល់សិស្ស-និស្សិតមកពីគ្រួសារក្រីក្រខ្សត់ខ្សោយ បានសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងកសាងអនាគត។ លោកជំទាវបណ្ឌិត ថែមទាំងបានបង្ហាញនូវជំនឿចិត្តស្នូលរបស់សមាគមគឺ “ជីវភាពខ្វះខាត កង្វះខាតផ្នែកថវិកា ផលវិបាកផ្នែកហិរញ្ញវត្ថុ គឺមិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ។” យុវជនមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំ បណ្តុះបណ្តាល ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អនាពេលអនាគតសម្រាប់ជាតិ។
សូមបញ្ជាក់ផងដែរថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺក្នុងគោលបំណងពង្រីក និងលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល តម្រង់ទិសជ្រើសរើសជំនាញ ចែករំលែកបទពិសោធន៍តាមរយៈវេទិកានៃការសិក្សារបស់សិស្ស និស្សិតរៀនពូកែទាំងក្នុងនិងក្រៅប្រទេស ចែករំលែកបទពិសោធន៍ក្នុងការត្រៀមលក្ខណៈក្នុងការសិក្សានៅក្រៅប្រទេស និងការអភិវឌ្ឍសមត្ថភាពជំនាញនានាសម្រាប់យុវជនក្នុងសតវត្សទី២១ ៕














ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/























