អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា !!!!!
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ពុធ ៩ កើត ខែ ជេស្ឋ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ទសករាជ ២៥៦៨ ត្រូវនឹងថ្ងៃ ទី ០៤ខែ មិថុនា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖
នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម ។ ឯកឧត្តមអនុរដ្ឋមន្ត្រីបានអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលយ៉ាងច្រេីនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ។ ឯកឧត្តមបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី, កម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត, ជាពិសេស កម្ពុជានឹងសម្រេចបានជោគជ័យក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកាន់តែមានកិត្យានុភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ឯកឧត្តមអនុរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែង រវាងវៀតណាម និងកម្ពុជា និងបានគូសរំលេចថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ បាន និងកំពុងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែដ៏ល្អលើគ្រប់វិស័យ ។ ឯកឧត្តមអនុរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ជាមួយនឹងគណៈប្រតិភូអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងនោះ កងទ័ពទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺជាសរសរស្ដម្ភមួយដ៏សំខាន់ ក្នុងការរួមចំណែកពូនជ្រំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងសម្តែងសេចក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ លើវិស័យសំខាន់ៗផ្សេងទៀត ដូចជា៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាដេីម។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់កងទ័ពវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា នៅក្នុងវិស័យការពារជាតិ ដែលជាការរួមចំណែកជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។
មុននឹងបញ្ចប់, សម្តេចបវរធិបតី បានអបអរសាទរចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ព នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការបន្តពូនជ្រំ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។ សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ៕
ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/