លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាលនិងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជា !!!!!
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ សុក្រ ១២ រោច ខែ ភក្របទ សប្តស័ក ពុទ្ទសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាលនិងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជានិងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ដោយក្តីអាណិតអាសូរជាពន់ពេក «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ចែងឱ្យបញ្ជូនវីរកងទ័ពឈ្មោះ “ម៉ន ភក្ត្រា” ភេទប្រុស អាយុ ២៥ឆ្នាំ មកព្យាបាលរបួសគ្រាប់ភ្នែកខាងស្តាំជាបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង។ ហេតុតែបារម្ភខ្លាំងចំពោះសុខភាពរបស់វីរកងទ័ព «លោកជំទាវបណ្ឌិត» បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ ពិនិត្យលើមុខរបួស និងថែមទាំងបានណែនាំឱ្យក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ព្យាបាលឱ្យអស់ពីលទ្ធភាពដើម្បីឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។ ជាងនេះទៅទៀតនោះ «លោកជំទាវបណ្ឌិត» បានណែនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យរៀបចំចាត់ចែងអាហារបីពេល ភេសជ្ជៈ និងជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់អ្នកជំងឺ និងក្រុមគ្រួសារក្នុងអំឡុងពេលព្យាបាល។ ទន្ទឹមនឹងនេះផងដែរ «លោកជំទាវបណ្ឌិត» បានយកអំណោយរបស់ «សម្តេចធិបតី» និង «លោកជំទាវ» ប្រគល់ជូនវីរកងទ័ពក្នុងអំឡុងពេលសម្រាកព្យាបាល ក៏ដូចជាជួយដល់ក្រុមគ្រួសារ។ សកម្មភាពទាំងនេះពិតណាស់បានបង្ហាញនូវទឹកចិត្តសប្បុរស ការយកចិត្តទុកដាក់ និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប។
សូមបញ្ជាក់ផងដែរថា ហេតុការណ៍បានកើតឡើង បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ីចុះពិនិត្យ សង្កេតនៅទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ១៣:៥៧នាទីរសៀល។ ក្រោយរយៈពេលប្រហែលជាងមួយម៉ោង គឺនៅម៉ោង ១៥:៣០នាទីរសៀល កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមានកម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល ៣០០នាក់ មានកាន់អាវុធប្រភេទស្រាលធ្ងន់គ្រប់ដៃ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស រហូតដល់ម៉ោង ១៦:២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់បន្ថែមនូវរថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក ប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សា អមនុស្សធម៌ ទមិឡឥតសាសនា មកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ចំនួន ២៨អង្គ/នាក់ បណ្តាលឱ្យដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។ ជាអកុសល្យ ក្នុងពេលកំពុងការពាររប្រជាពលរដ្ឋកម្ពុជាពីសត្រូវឈ្លានពាន វីរកងទ័ព “ម៉ន ភក្ត្រា” ក៏ត្រូវកម្លាំងចម្រុះភាគីថៃបាញ់ចំគ្រាប់ភ្នែកខាងស្តាំ បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ និងហូរឈាមយ៉ាងច្រើន រួចក៏ត្រូវបានរៀបចំចាត់ចែងបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ។
សកម្មភាពឯកតោភាគីខាងលើរបស់ភាគីថៃ គឺភាគីថៃផ្អែកលើផែនទីខ្នាត ១/៥០,០០០ ដែលគូសដោយឯកឯងរំលោភចូលមកទឹកដីកម្ពុជា ដែលផ្ទុយស្រឡះពីផែនទីខ្នាត ១/២០០,០០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងរវាងគណៈកម្មការព្រំដែនឥណ្ឌូចិន និងសៀម បង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយថែមទាំងត្រូវបានបញ្ជាក់ទទួលស្គាល់ឡើងវិញដោយកម្ពុជា និងថៃ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (MOU 2000) ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិត និងទូរសព្ទផ្ទាល់ទៅកាន់ប្រធានអាស៊ាន រួមទាំងថ្នាក់ដឹកនាំពិភពលោក នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
ភាគីកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ការគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងទាំងឡាយ រួមមានដូចជា អនុស្សរណៈ ឆ្នាំ២០០០ (MOU 2000) របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ជាពិសេសគឺរាល់សេចក្តីសម្រេចក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ (RBC) ៕
ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/